លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មុឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជិតនឹងបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា Royal Military Academy Sandhurst ប្រទេសអង់គ្លេស។

ឧត្តមសេនីយ៍ឯក មុឹង ពន្លក ឪពុករបស់ Richie បានឱ្យដឹងតាមរយៈរូបភាពនិងសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែឧសភា បែបនេះថា៖ “នៅសល់ពេលមិនយូរទេ កូននឹងបញ្ចប់ការសិក្សានៅសាលា Royal Military Academy Sandhurst,Commissioning Course 253។ ពេលចប់កូនត្រូវតែត្រឡប់មកបម្រើប្រទេសជាតិ និងប្រជាជនយើង។ ប៉ានិងម៉ាក់ ពិតជាមានមោទនភាពចំពោះកូនខ្លាំងណាស់”។
កាលខែមករា ឆ្នាំ២០២៤ លោក ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសច្បងរបស់ថៅកែក្រុមហ៊ុន ហនុមាន ក៏បានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកអាជីវកម្មអន្តរជាតិ និងការគ្រប់គ្រងសកល (International Businesses and Global Management) ពីសាកលវិទ្យាល័យ King’s College London នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ផងដែរ។
សូមជម្រាបផងដែរថា លោក Richie បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមបំផុត ជាមួយកញ្ញា តាំង ប៉ោហ្គិច ហៅ Jade ដែលជាកូនស្រីរបស់ឧកញ៉ា តាំង គីមថុង និងអ្នកស្រី ស៊ុយ សុផាន់ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣៕






