ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd មានគម្រោងពីការវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា ដើម្បីឆ្លើយតបនឹងស្ថានភាពទីផ្សាររថយន្តនាពេលបច្ចុប្បន្ន។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd ដឹកនាំដោយលោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុនបានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd និងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្តនាពេលបច្ចុប្បន្ននៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងគម្រោងវិនិយោគក្នុងវិស័យមួយចំនួនទៀត ជាពិសេសគម្រោងកែច្នៃចំណីអាហារ ។

ជាការឆ្លយតប លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានអបអរសាទរចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក រួមជាមួយនឹងការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។

សូមរម្លឹកដែរថា ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក។នេះបើយោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦៕អត្ថបទ៖ហ្សាលីន

