រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសជាផ្លូវការដាក់ឱ្យដំណើរការរៀនសូត្រកម្មវិធីទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុតាមប្រព័ន្ធអនឡាញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីប្រកាសនេះ បានធ្វើឡើងនៅទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ, លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសនៃអង្គការ UNICEF ប្រចាំកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំកម្ពុជា ។

កម្មវិធីរៀនសូត្រតាមប្រព័ន្ធអនឡាញ គឺមានកម្រងវីដេអូមេរៀនសរុបចំនួន ៥ជំពូក រួមមាន៖ ទី១៖ទិដ្ឋភាពទូទៅវិស័យទឹកស្អាត និងអនាម័យ និងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា, ទី២៖ការគាំទ្រការផ្លាស់ប្តូរឆ្ពោះទៅរកសេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅក្នុងប្រទេសកម្ពុជា, ទី៣៖វិធីសាស្រ្តកំណត់ និងវាយតម្លៃដំណោះស្រាយទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ, ទី៤៖ហិរញ្ញប្បទានអាកាសធាតុ និងការរៀបចំរបាយការណ៍ហេតុផលអាកាសធាតុ និងទី៥៖ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
ជាមួយគ្នានេះ លោកបណ្ឌិត Will Parks នាយកអង្គការ UNICEF ប្រចាំនៅប្រទេសកម្ពុជា និងលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជា ចាត់ទុកថា ការរៀបចំវគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងចំណេះនិងជំនាញទាក់ទងនឹងការវាយតម្លៃ និងការរៀបចំផែនការវិស័យទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ។

ជុំវិញរឿងនេះ ដែរ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់។ ក្នុងន័យនេះ លោកថា វគ្គសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនសមត្ថភាពដល់មន្រ្តីរាជការ ជាពិសេសមន្រ្តីរាជការទទួលបន្ទុកផ្នែកទឹកស្អាត និងអនាម័យ ក៏ដូចជាសាធារណៈជនទូទៅផងដែរ។
ក្រសួអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% រីឯអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ៥១%៕ អត្ថបទ៖ហ្សាលីន

