ក្រសួងរតនាគារសហរដ្ឋអាមេរិក ថ្មីៗនេះបានប្រកាសអំពីការលើកលែងទណ្ឌកម្មរយៈពេល ៣០ថ្ងៃទៀត សម្រាប់ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលកំពុងស្ថិតនៅលើសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានបង្ហោះសារមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី១៨ ខែឧសភាថា លខិតអនុញ្ញាតរយៈពេល ៣០ថ្ងៃ នឹងជួយដល់ប្រទេសងាយរងគ្រោះបំផុត ឲ្យចូលទៅប្រើប្រាស់ប្រេងរបស់រុស្ស៊ីដែលបច្ចុប្បន្នកំពុងជាប់គាំង នៅលើសមុទ្រ។
លោក Bessent បានសង្កត់ធ្ងន់ទៀតថា ការបន្តពន្យារពេលនៃទណ្ឌកម្មនេះក៏នឹងជួយបង្កើនភាពបត់បែន និងស្ថិរភាពនៃទីផ្សារប្រេងឆៅ ដោយធានាបានថាប្រេងទាំងនេះអាចទៅដល់ប្រទេសដែលមានតម្រូវការចាំបាច់ខ្លាំងបំផុត សម្រាប់ថាមពល។
យោងតាមលិខិតអនុញ្ញាតដែលចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា ការលើកលែងទណ្ឌកម្មថ្មីនេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១៧ ខែមិថុនា។ ដូចគ្នានឹងការលើកលែងពីមុនដែរ វិធានការនេះហាមឃាត់ប្រតិបត្តិការដែលពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុនមកពីអ៊ីរ៉ង់ កូរ៉េខាងជើង គុយបា និងទឹកដីអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី។
គួរជម្រាបជូនថា នេះជាលើកទីពីរហើយដែលរដ្ឋបាលលោក ត្រាំ បានពង្រីកការលើកលែងសម្រាប់ប្រេងរបស់រុស្ស៊ីដែលមានគោលបំណងដោះស្រាយកង្វះខាតការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលបណ្តាលមកពីជម្លោះនៅអ៊ីរ៉ង់៕

