យោងតាមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ម្នាក់ បាននិយាយថាពួកគេលក់ប្រេងសរុបមានតម្លៃប្រមាណជាង ១៨ពាន់លានដុល្លារ អំឡុងពេលជម្លោះ និងមានបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រសួងប្រេងអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី២៥ ខែកក្កដាថា ៖ “យើងបានលក់ប្រេងមានតម្លៃ ១១,៥ពាន់លានដុល្លារក្នុងអំឡុងពេលជម្លោះ និង ៦,៥ពាន់លានដុល្លារក្នុងអំឡុងពេលបទឈប់បាញ់។ ចំនួនទាំងនេះមានចំនួនជាង ៦០% នៃប្រាក់ចំណូលប្រេងដែលបានព្យាករនៅក្នុងរបាយការណ៍ថវិកានៅឆ្នាំនេះ ទោះបីជាមានវិបត្តិក៏ដោយ”។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Mohsen Paknejad បានបន្ថែមទៀតថា ហានិភ័យដែលថយចុះចំពោះប្រតិបត្តិការដឹកជញ្ជូនតាមនាវាដឹកប្រេងបានជួយជំរុញការនាំចេញ ដែលអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់លក់ប្រេងឆៅ និងប្រេងខាប់ប្រហែល ១០០ លានបារ៉ែលរបស់ខ្លួនដែលកំពុងផ្ទុកលើសមុទ្រ។
យ៉ាងណាមិញ ប្រធានសភា និងជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានអះអាងកាលពីចុងខែមុនថា ទីក្រុងតេអេរ៉ង់មិនអាចនាំចេញប្រេងរបស់ខ្លួនបាននោះទេ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវលើកំពង់ផែរបស់ខ្លួន។
គួរឲ្យដឹងថានៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលជំរុញឱ្យទីក្រុងតេអេរ៉ង់សងសឹកដោយការវាយប្រហារលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់ទាំងមូល។
ជម្រាបជូនថា បទឈប់បាញ់ដែលបានធ្វើឡើងនៅក្នុងខែមេសាបានជួយបន្ធូរបន្ថយជម្លោះក្នុងរយៈពេលខ្លី។ តែទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀតចាប់ពីចុងខែមិថុនា ខណៈពេលដែលភាគីទាំងពីរបានបន្តប៉ះទង្គិចគ្នាដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេងទូទាំងពិភពលោក៕

