សិង្ហបុរីចាប់អារម្មណ៍ក្នុងការនាំចូល ផលិតផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែឈើ និងបន្លែ បន្ថែមពីលើអង្ករ។នេះបើយោងតាមខ្លឹមសារនៃជំនួបសម្តែងការគួរសមរវាង លោក ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្សាយចេញនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្ការវាងកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស វប្បធម៌ និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតក៏បានកត់សម្គាល់ដោយ ពេញចិត្តចំពោះការតភ្ជាប់រវាងប្រទេសទាំងពីរដែលកំពុងកើនឡើង រួមទាំងការតភ្ជាប់តាមផ្លូវអាកាសចំនួន ៤២ជើងក្នុងមួយសប្តាហ៍ ដែលការតភ្ជាប់នេះនឹងបន្តគាំទ្រដល់អាជីវកម្ម ទេសចរណ៍ និងការប្រាស្រ័យ ទាក់ទងរវាងប្រជាជន និងប្រជាជន។
ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខ ស្បៀងរវាងកម្ពុជា និងសិង្ហបុរី កាលពីខែមេសា ឆ្នាំ២០២៦ ដែលនឹងរួមចំណែកដល់ការពង្រឹងកិច្ចសហ ប្រតិបត្តិការសន្តិសុខស្បៀង និងលើកកម្ពស់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។ លោកឯកអគ្គរដ្ឋទូតសិង្ហបុរី ថែមទាំងបានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីថា សិង្ហបុរីចាប់អារម្មណ៍ក្នុងការនាំចូល ផលិតផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែឈើ និងបន្លែ បន្ថែមពីលើអង្ករ។
ភាគីទាំងពីរ ក៏បានបានផ្លាស់ប្តូរទស្សនៈបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការទេសចរណ៍ និងស្វាគមន៍ ចំពោះកិច្ចសហការរវាងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា ដើម្បីផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់អ្នកធ្វើដំណើរអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន

