អ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែតុលានេះ បានចេញសេចក្តីថ្លែងការណ៍ថា កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បណ្តាញសារព័ត៌មានថៃមួយចំនួនបានចេញផ្សាយ ដោយស្រង់សម្តីមន្ត្រីយោធាថៃ ដែលអះអាងថា «កន្លែងដែលទាហានថៃបានជាន់គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ព្រំដែនកម្ពុជានិងថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០ ០០០ និង មានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង ១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែ ជាឯកតោភាគីដោយភាគីណាមួយបានឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែងនិងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុង ពេលរង់ចាំការវាស់វែងនិងការកំណត់ខណ្ឌសីមារបស់ JBC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាសូមទាមទារឱ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឱ្យ JBC ប្រជុំដោះស្រាយបញ្ហា ខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តិនោះដែរ។ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាសម្តែងការអត់ធ្មត់ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាច បង្កមហន្តរាយធំធេងដល់ប្រទេសជាតិនិងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ៕

