មន្រ្តីជាន់ខ្ពស់កសិកម្ម ស្នើគណៈប្រតិភូខេត្តយូណានកៀរគរវិនិយោគិនចិនវិនិយោគលើការកែច្នៃ និងនាំចេញកសិផលសក្តានុពលកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់គណៈប្រតិភូខេត្តយូណាន កៀរគរវិនិយោគិនចិនពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃ និងនាំចេញកសិផលសក្តានុពលទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើរបស់លោកនៅក្នុងជំនួបជាមួយលោក Wang Xiangang អនុលេខានៃក្រុមថ្នាក់ដឹកនាំបក្សនៃរដ្ឋាភិបាលខេត្តយូណាន កាលពីថ្ងៃទិ២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោក Wang Xiangang មកកាន់កម្ពុជាលើកទី១ មានគោលបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងខេត្តយូណាន។

លោក ប្រាក់ ដាវីដ បានគូសបញ្ជាក់ពីសមិទ្ធផលកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងចិន ជាពិសេសជាមួយខេត្តយូណាន និងបានគូសបញ្ជាក់ពីលទ្ធភាពពង្រីកកសិ-ពាណិជ្ជកម្ម និងការស្រាវជ្រាវលើវិស័យកសិកម្ម។

លោកក៏បានស្នើគណៈប្រតិភូខេត្តយូណានកៀរគរវិនិយោគិនចិនពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃ និងនាំចេញកសិផលសក្តានុពលទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ តាមរយៈក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ពាណិជ្ជកម្មសេរីទ្វេភាគី និងក្របខណ្ឌច្រករបៀងមច្ឆា និងអង្ករជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ លោកក៏បានស្នើគណៈប្រតិភូខេត្តយូណានគាំទ្រលើការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ប្រទេសចិន តាមរយៈផ្លូវគោក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវផងដែរ។

ជាការឆ្លើយតប លោក Wang Xiangang បានបង្ហាញជំហរគាំទ្រ និងឯកភាពលើសំណើរបស់ក្រសួងកសិកម្ម ដែលនឹងអាចពង្រីកកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានឱ្យកាន់តែរីកចម្រើនថែមទៀត។

សូមជម្រាបជូនថា កសិផលសំខាន់ៗកម្ពុជាកន្លងមកដែលបាននាំចេញទៅកាន់ប្រទេសចិនរួមមាន អង្ករ កន្ទក់អង្ករ ចំណិតដំឡូងបីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច ខណៈកាលពីពេលថ្មីៗកម្ពុជាក៏បានសម្រេចការនាំចេញផ្លែទុរេនស្រស់ដំបូង១៧តោនទៅកាន់ប្រទេសចិនផ្ទាល់ផងដែរ៕