ក្រុមហ៊ុនដ៏ធំមួយបោះទុនរាប់រយលានដុល្លារអាម៉េរិក វិនិយោគលើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនដ៏ធំ Guilin Junda Transportation Co., Ltd. បានបោះទុនរាប់រយលានដុល្លារអាម៉េរិក វិនិយោគលើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាប ខណៈបច្ចុប្បន្នក្រុមហ៊ុនបានទទួលលទ្ធផលនៃការចុះពិនិត្យសិក្សាផ្ទាល់លើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបហើយ កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤” និង “ពិធីបុណ្យកម្ពុជា” នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក MA Tieqiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guilin Junda Transporation Co., Ltd. និងសហការី ចូលជួបពិភាក្សាការងារ និងរាយការណ៍ជូនអំពីលទ្ធផលនៃការចុះពិនិត្យសិក្សាផ្ទាល់លើគម្រោងអភិវឌ្ឍន៍ស្ទឹងសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។

ក្នុងជំនួបនោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមបោះទុនវិនិយោគរាប់រយលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន ដែលបានចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ប្រកបដោយថាមពលរបស់កម្ពុជាដែលជាទីផ្សារទើបនឹងរះ ព្រមទាំការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិតត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ជួយឱ្យមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងការធានាសុខសុវត្ថិភាពដល់អ្នកទេសចរជាតិ និងអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា ក្នុងជំនួបលើកទី២ នាពេលនេះ ពិតជាការបោះជំហានមួយកម្រិតទៀតដើម្បីឈានដល់ការអនុវត្តជាក់ស្តែងនៃគម្រោងវិនិយោគដ៏ធំ និងមានសារៈសំខាន់ដល់វិស័យវិនិយោគ។ 

ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនថាជំហានបន្ទាប់គឺក្រុមហ៊ុន នឹងរៀបចំបែបបទផ្លូវការស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

សូមពញ្ជាក់ដែរថា ក្រុមហ៊ុន Guilin Junda Transportation Co., Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ មានស្ថានីយ១២ ផ្លូវដឹកជញ្ជូន ៣០០ខ្សែ បុគ្គលិកចំនួន ៣៨០០នាក់ ដែលមានសេវាកម្មជាច្រើនដូចជា ដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក Logistic សណ្ឋារគារ និងសេវាកម្មជាច្រើនទៀតផងដែរ៕