CDC និង ក្រុមហ៊ុនមួយ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុន Pengbo Group បានបង្ហាញពីឆន្ទៈ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយផែនការវិនិយោគជំហានបន្តបន្ទាប់ សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយ គណៈប្រតិភូក្រុមហ៊ុន Pengbo Group ដឹកនាំដោយ លោក Liu Peng អគ្កនាយកក្រុមហ៊ុន កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគ ដែលជាការរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន ព្រមទាំងបានបញ្ជាក់ជាថ្មីនូវជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់សេវាគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនទាំងអស់ ធានាធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្ម និងការវិនិយោគនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចចម្បងរបស់វិនិយោគិន ក្នុងការចូលរួមថែរក្សានិងការពារបរិស្ថាន នៅតាមបណ្តាទីតាំងដែលខ្លួនទទួលបានសិទ្ធិវិនិយោគ ដោយចាត់ទុកការអភិវឌ្ឍបៃតងនិងប្រកបដោយចីរភាព គឺជាអ្វីដែលមិនអាចខ្វះបាន។

ជាការឆ្លើយតប លោក Liu Peng អគ្គនាយកក្រុមហ៊ុន Pengbo Group បានជម្រាបជូនអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពជាវិជ្ជមាននៃសកម្មភាពអាជីវកម្ម និងគម្រោងផែនការវិនិយោគជាបន្តបន្ទាប់របស់ខ្លួន ដែលកំពុងដំណើរការដោយរលូននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។លោក ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពតាមបទប្បញ្ញត្តិបរិស្ថានជាធរមាន ដោយលោកបានលើកឡើងថា ក្រុមហ៊ុននឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សា ការពារ និងលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងទីតាំងដែលខ្លួនកំពុងវិនិយោគផងដែរ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរក៏បានបង្ហាញពីឆន្ទៈដ៏មាំទាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយផែនការវិនិយោគជំហានបន្តបន្ទាប់ ឱ្យលេចចេញជារូបរាងឡើង សំដៅចូលរួមចំណែកបង្កើតឱកាសការងារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន