រោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ នៅខេត្តត្បូងឃ្មុំ ដែលសាងសង់លើផ្ទៃដីទំហំជិត១៥ហិកតា នៅខេត្តត្បូងឃ្មុំ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី បានចាត់ទុកការសម្រេចវិនិយោគរបស់រោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក គឺជាកត្តាឆ្លុះបញ្ចាំងនូវកត្តាសន្ដិសុខ សុវត្ថិភាព និងបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា ជាមួយគ្នានេះសម្ដេចធិបតី បានថ្លែងអំណរគុណចំពោះវិនិយោគិនចិន ដែលតែងតែជឿជាក់មកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
រោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្ពោធក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។
ក្រុមហ៊ុន Mainland Group (Hong Kong) Co., Ltd. ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេតែមួយ (Guanda Industrial Co., Ltd.) របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ និងជាក្រុមហ៊ុនផលិតកៅស៊ូធម្មជាតិធំជាងគេលំដាប់ទី៤ នៅលើពិភពលោក និងបានវិនិយោគនៅប្រទេសម៉ាឡេស៊ី (ក្នុងចំនួនទឹកប្រាក់ប្រមាណ១៥លានដុល្លារអាម៉េរិក) ប្រទេសឡាវ (ក្នុងចំនួនទឹកប្រាក់ប្រមាណ ២០លានដុល្លារអាម៉េរិក) ប្រទេសកូឌីវ័រនៃទ្វីបអាហ្វ្រិក (មានរោងចក្រចំនួន៥ ក្នុងចំនួនទឹកប្រាក់ប្រមាណ៣០០លានដុល្លារអាម៉េរិក) និងប្រទេសតាន់ហ្សានៀ (មានរោងចក្រផលិតប្រេងសណ្តែក ក្នុងចំនួនទឹកប្រាក់ប្រមាណ ៤០លានដុល្លារអាម៉េរិក) ដែលទុនសរុបរបស់ក្រុមហ៊ុន មានចំនួនទឹកប្រាក់ប្រមាណ ៣៧៥លានដុល្លារអាម៉េរិក។
សូមជម្រាបដែរថា រោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ដែលត្រូវសម្ពោធនៅពេលនេះ ប្រើប្រាស់ទុនវិនិយោគប្រមាណ៣០លានដុល្លារអាម៉េរិក លើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ផ្តល់ការងារផ្ទាល់ជូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ និងដោយប្រយោល (អ្នកចៀរជ័រ) ជាង ៥០០០០នាក់។ នៅថ្ងៃខាងមុខ ក្រុមហ៊ុនត្រៀមវិនិយោគរោងចក្រទី២ នៅខេត្តរតនគិរី ក្នុងទំហំទុន៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលមានសមត្ថភាពផលិតកៅស៊ូចំនួន១០ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចនឹងគម្រោងទី១ដែរ៕អត្ថបទ៖ហ្សាលីន

