ក្រុមហ៊ុន Meta Platforms ត្រូវបានគេរាយការណ៍ថា កំពុងជូនដំណឹងទៅកាន់បុគ្គលិករបស់ខ្លួនរាប់ពាន់នាក់ ជុំវិញការបញ្ឈប់ពីការងារ ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានគោលបំណងបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ខណៈពេលកំពុងមានការវិនិយោគយ៉ាងច្រើនលើបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន បានបង្ហាញថាបុគ្គលិកដែលស្ថិតនៅក្នុងទីស្នាក់កណ្តាលអាស៊ី នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានជូនដំណឹងអំពីការបញ្ឈប់នេះមុនគេ ខណៈបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងបញ្ឈប់នេះ នៅទីស្នាក់ការកណ្តាលអឺរ៉ុប និងអាមេរិក ក៏ត្រូវបានគេរំពឹងថានឹងទទួលបានព័ត៌មាននេះ ផងដែរ។
ជុំវិញការកាត់បន្ថយការងារចុងក្រោយ ដែលមានចំនួនរហូតដល់ប្រមាណ ៨ ០០០ នាក់នេះ ត្រូវបានគេរំពឹងថានឹងប៉ះពាល់ភាគច្រើនដល់ក្រុមវិស្វកម្ម និងក្រុមអ្នកផលិតឧបករណ៍ពិសេសរបស់ Meta នៅជុំវិញពិភពលោក។
គួរជម្រាបជូនផងដែរថា ការសម្រេចចិត្តនេះ បានកើតឡើង បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន លោក Mark Zuckerberg បានធ្វើឲ្យបច្ចេកវិទ្យា AI ក្លាយជាអាទិភាពកំពូលរបស់ក្រុមហ៊ុន ជាមួយនឹងការប្តេជ្ញាប្រើប្រាស់ធនធានទាំងអស់ ដើម្បីដើរតាមឲ្យទាន់គូប្រជែងដូចជា Google របស់ក្រុមហ៊ុន Alphabet និង OpenAI៕

