CDC និងក្រសួងការបរទេសអូស្រ្តាលី នឹងរួមគ្នាជំរុញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងការបរទេសអូស្រ្តាលី បានជួបពិភាក្សាគ្នា ដើម្បីរួមគ្នាជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយ លោកស្រី Carol Holmes ប្រធានការិយាល័យទទួលបន្ទុកកិច្ចការកម្ពុជា និងវៀតណាមនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា ធ្វើឡើងកាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក លឹម វិសាល បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោក ក៏លើកទឹកចិត្តដល់ភាគីមិត្តក្នុងការបន្តជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីមកបណ្តាក់ទុនបន្ថែមទៀតលើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងសកម្មភាពវិនិយោគដែលផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

ជាការឆ្លើយតប លោកស្រី Carol Holmes ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជំរុញ និងទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, និងការអភិវឌ្ឍធនធានធម្មជាតិ។

តាមរយៈជំនួបខាងលើ បានបញ្ជាក់ដែរថា ក្នុងបរិបទនៃការលើកកម្ពស់បរិស្ថានធុរកិច្ច រដ្ឋាភិបាលកម្ពុជា បានផ្តល់នូវការសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងការគាំពារយ៉ាងរឹងមាំដល់វិនិយោគិនដោយគ្មានការរើសអើង។ ទន្ទឹមនឹងនេះ ការវិវត្តជាវិជ្ជមាននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្ម ក៏នឹងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ផងដែរ៕ អត្ថបទ៖ហ្សាលីន