មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Jeff Bezos ថ្មីៗនេះ បានចេញមុខច្រានចោលរាល់ការចោទប្រកាន់ថា ស្ទូឌីយោភាពយន្តរបស់ក្រុមហ៊ុន Amazon បានទិញ និងចេញផ្សាយខ្សែភាពយន្តឯកសារ “Melania” ដែលនិយាយអំពីជំទាវទី១ សហរដ្ឋអាមេរិក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ។

លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានឆ្លើយចេញមុខតបនៅថ្ងៃទី២០ ខែឧសភា ចំពោះការចោទប្រកាន់ថា MGM Studios របស់ក្រុមហ៊ុនលោកបានទិញ និងចេញផ្សាយខ្សែភាពយន្តឯកសារ Melania សម្រាប់ហេតុផលនយោបាយ។
យោងតាមប្រភពព័ត៌មាន ស្ទូឌីយោ Amazon MGM បានចំណាយទឹកប្រាក់ ៤០លានដុល្លារលើការផលិតខ្សែភាពយន្តឯកសារ Melania ដែលបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងរោងភាពយន្តទូទាំងប្រទេស ក្នុងខែកុម្ភៈ។ ខ្សែភាពយន្តនេះពណ៌នាអំពីជីវិតរបស់លោកស្រីជំទាវទីមួយនៃសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលចូលកាន់តំណែងលើកទីពីររបស់លោកប្រធានាធិបតី ត្រាំ។
យ៉ាងណាមិញ លោកស្រី Melania គឺជាអ្នកដឹកនាំផលិតលើគម្រោងនេះផ្ទាល់។ ប្រភពព័ត៌មានបានបន្ថែមថា ខ្សែភាពយន្តនេះចំណាយទឹកប្រាក់ដល់ទៅ ៣៥លានដុល្លារដើម្បីផ្សព្វផ្សាយ។
មិនតែប៉ុណ្ណោះ លោក Bezos បានអះអាងផងដែរថា Amazon គឺជាក្រុមហ៊ុនដ៏ធំមួយ ហើយមានការសម្រេចចិត្តអាជីវកម្មជាច្រើន ខណៈការវិនិយោគលើការផលិតភាពយន្តឯកសារ Melania នេះ ដើម្បីផលចំណេញលើទីផ្សារប៉ុណ្ណៅះ ខណៈមនុស្សជាច្រើនចង់ដឹង ចង់ឃើញអំពីខ្សែជីវិតរបស់ជំទាវទី១ នៃសហរដ្ឋអាមេរិក៕

