យោងតាមទីភ្នាក់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយ។

ប្រភពព័ត៌មានរដ្ឋាភិបាលមួយផ្សេងទៀតបានបង្ហាញឲ្យដឹងទៀតថា ក្រុមមន្ត្រីសន្តិសុខ និងពិធីការចិនមួយក្រុមបានទៅដល់ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ ហើយដំណើរទស្សនកិច្ចរបស់លោក ស៊ី អាចនឹងត្រូវធ្វើលើងនៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខ។
ប្រភពដដែលបន្តទៀតថា លោក ស៊ី ដែលបានទទួលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន នឹងព្យាយាមធ្វើជាអ្នកសម្របសម្រួលរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះភាពតានតឹងកន្លងមក។
គួរជម្រាបជូនផងដែរថា ប្រទេសចិនគឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរបានខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងដែលបានថមថយចុះ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ មេដឹកនាំកូរ៉េខាងជើង លោក គីម បានទៅទស្សនកិច្ចទីក្រុងប៉េកាំងកាលពីឆ្នាំមុន ហើយបានឈរក្បែរលោកប្រធាន ស៊ី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងក្បួនដង្ហែយោធាដ៏ធំមួយ៕

