ក្រុមហ៊ុន Netflix កាលពីពេលថ្មីៗនេះ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនផលិតកុនហូលីវូដខ្នាតយក្ស Warner Bros. Discovery (WBD) ដែលមានតម្លៃរហូតដល់ទៅជិត ៨៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសដកខ្លួនចេញរបស់ Netflix នេះ ត្រូវបានគេយល់ថានឹងក្លាយជាឱកាសដ៏ធំសម្រាប់ក្រុមហ៊ុនដៃគូប្រជែង Paramount Skydance ដែលកំពុងព្យាយាមដាក់ដេញថ្លៃទិញយក Warner Bros មកគ្រប់គ្រង ផងដែរ។
យ៉ាងណាមិញ Netflix ដែលជាវេទិកាស្ទ្រីមភាពយន្តធំជាងគេបំផុតរបស់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែកុម្ភៈថា ៖” យើងចង់រក្សាវិន័យ។ ប្រសិនបើយើងផ្តល់ជូនតម្លៃដើម្បីផ្គូផ្គងនឹងការផ្តល់ជូនចុងក្រោយរបស់ Paramount Skydance កិច្ចព្រមព្រៀងនេះនឹងលែងមានភាពទាក់ទាញផ្នែកហិរញ្ញវត្ថុទៀតហើយ។ ដូច្នេះយើងបានបដិសេធមិនដំឡើងថ្លៃ”។
គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Paramount បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយWarner Bros ជាពិសេសបន្ទាប់ពី Netflix បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទិញយកប្រតិបត្តិការទូរទស្សន៍ ស្ទូឌីយោ និងប្រព័ន្ធស្ទ្រីមរបស់ WBD ក្នុងតម្លៃ ៨២,៧ពាន់លានដុល្លារ។ Warner Bros. បាននិយាយថា ការផ្តល់ជូនចុងក្រោយរបស់ Paramount គឺ ៣១ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងការផ្តល់ជូនរបស់ Netflix ចំនួន ២៧,៧ដុល្លារក្នុងមួយហ៊ុន។ ការផ្តល់ជូនចុងក្រោយនេះ មានន័យថា Paramount ចង់ទិញយក WBD ទាំងមូល។
ជម្រាបជូនថា WBD គឺជាសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តឈានមុខគេរបស់អាមេរិក ដែលជាម្ចាស់ Warner Bros. Studios, HBO, HBO Max, Discovery Channel, CNN និងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបជាច្រើនទៀត។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងបន្ទាប់ពីការរួមបញ្ចូលគ្នារវាង WarnerMedia និង Discovery ក្នុងឆ្នាំ២០២២៕

