រោងចក្រផលិតម្ហូបអាហារចម្រុះរបស់ «វិរៈ ប៊ុនថាំ ហ៊្វូដ» របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ប្រកាសបើកទ្វារស្វាគមន៍ម្ចាស់សិប្បកម្មខ្នាតតូច និងមធ្យមក្នុងស្រុក ដើម្បីសហការផលិតរួមគ្នា នៅក្នុង SME Cluster នៃរោងចក្រផ្ទាល់។

លោក ហេង ផាន អគ្គនាយក វិរៈ ប៊ុនថាំ ហ៊្វូដ បានថ្លែងប្រាប់ដល់ Oknha News ឱ្យដឹងថា ផលិតករ ឬសិប្បកម្មខ្នាតតូច ដូចជា ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស អាចទាក់ទងទៅកាន់ រោងចក្រ «វិរៈ ប៊ុនថាំ ហ៊្វូដ» ដើម្បីសហការរួមគ្នាផលិត ក្នុងគោលបំណងអាចនាំចេញទៅក្រៅប្រទេសបន្ថែមទៀត។
លោកអគ្គនាយក បានបន្តថា បច្ចុប្បន្នអគារ SME Cluster បានសាងសង់រួចរាល់ចំនួន ៤អគារហើយ និងកំពុងសាងសង់ផលិតកម្ម ៦ របស់ខ្លួនឯង ក្នុងនោះរួមមាន ១.រោងចក្រផលិតប្រេងកន្ទក់ ២.រោងចក្រផលិតត្រីខកំប៉ុង ៣.រោងចក្រផលិតមី ៤.រោងចក្រផលិតប៊ីចេង ៥.រោងចក្រផលិតម្សៅស៊ុប និង ៦.រោងចក្រផលិតកាហ្វេ។
សម្រាប់ក្នុងផែនការមេ ក្រុមហ៊ុននឹងមានរោងចក្រខ្លួនឯងមួយទៀតគឺ រោងចក្រផលិតភេសជ្ជៈ ដែលមានអ្នកវិនិយោគទុនមកពីប្រទេសអូស្ត្រាលី និងមានជំនាញ ស្តង់ដារលំដាប់ពិភពលោក ដើម្បីសហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ហ៊្វូដ។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសដាក់ចេញផែនការអាជីវកម្មចំនួន ១៤ ក្នុងឆ្នាំ២០២៦នេះ ក្នុងនោះរួមទាំង ការសម្ពោធរោងចក្រផលិតម្ហូបអាហារចម្រុះ វិរៈ ប៊ុនថាំ (វិរៈប៊ុនថាំ ហ្វ៊ូដ – Vireak Buntham Food) ដែលមានទីតាំងស្ថិតនៅក្បែរផ្លូវ៥១ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ។
📲 សម្រាប់ព័ត៌មានបន្ថែម ឬបញ្ជាទិញ សូមទំនាក់ទំនង៖
☎️ 098 301 333 / 098 298 333







