ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលជាក់ស្តែង និងប្រកបដោយផ្លែផ្កា ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចរទៅវិញទៅមក។

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Liu Xiaoming អភិបាលខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអនុវត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណានឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា នៅទីក្រុងហៃគូ ខេត្តហៃណាន កាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សានេះ លោក Liu Xiaoming អភិបាលខេត្តហៃណាន បានស្វាគមន៍ និងបង្ហាញការចាប់អារម្មណ៍ចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិដ៏ល្បីល្បាញ ដូចជាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រអាចទាក់ទាញភ្ញៀវទេសចរចិនទៅទស្សនាកាន់តែច្រើន។
លោក ក៏បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តហៃណា ជាមួយនឹងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងលក្ខណៈពិសេសនៃកំពង់ផែពាណិជ្ជសេរីដែលមានតែមួយគត់នៅប្រទេសចិននាពេលបច្ចុប្បន្ននេះ ព្រមទាំងគោលដៅប្រែកា្លយខេត្តហៃណានជាចំណុចកណ្តាលនៃការតភ្ជាប់រវាងខេត្តនានានៃប្រទេសចិន និងកម្ពុជា រួមទាំងបណ្តាប្រទេសផ្សេងៗ ទៀតក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីទេសចរណ៍ បានស្នើឱ្យភាគីខេត្តហៃណាន ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋខេត្តហៃណាន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន ព្រមទាំងស្នើជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ។
តាមរយៈជំនួបនោះ ភាគីទាំងពីរ បានឯកភាពពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន ឱ្យជាក់ស្តែង និងស៊ីជំរៅ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ បន្ថែមពីនេះទៀត ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការលើកទឹកចិត្តឱ្យមានជំនួបរវាងវិស័យឯកជនកម្ពុជា និងខេត្តហៃណានដើម្បីរៀបចំជាកញ្ចប់ទស្សនកិច្ច ក៏ត្រូវបានលើកឡើង និងឯកភាពផងដែរ។
គួរបញ្ជាក់ផងដែរថា ខេត្តហៃណាន គឺជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសចិន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ឆ្នេរ វប្បធម៌ និងទេសចរណ៍កម្សាន្ត ហើយក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា និងខេត្តហៃណាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយរួម ការតភ្ជាប់ជើងហោះហើរ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងភាគីទាំងពីរ៕អត្ថបទ៖ហ្សាលីន




