រាជរដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្ត្រីនគរបាលជាតិបន្តវេន ប្រធាននាយកដ្ឋាន ឬស្នងការរាជធានី ខេត្ត កំណត់ត្រឹម «ផ្កាយ១»

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថារាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រី​នគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និង​អង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។ ក្នុងនោះ តួនាទី ប្រធាននាយកដ្ឋាន ឬស្នងការនៃស្នងការដ្ឋាននគរបាល​រាជធានី ខេត្ត និងថ្នាក់ប្រហាក់​ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលការណ៍កំណត់ឋានន្តរសក្តិមន្ត្រី​នគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗ ស្របតាមលិខិត​រាជរដ្ឋាភិបាល​ថ្មីនេះ មានដូចខាងក្រោម៖

-អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ នាយឧត្ដមសេនីយ៍

-អគ្គនាយកនៃអគ្គនាយកដ្ឋាននានានិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក

-អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក

-អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្ដិ ឧត្តមសេនីយ៍ទោ

-ប្រធានសេនាធិការដ្ឋាននិងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ

-អនុប្រធានសេនាធិការដ្ឋាននិងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី។

-ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី

-អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ឯក

-នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ទោ

-នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ វរសេនីយ៍ត្រី

-នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ឯក

-នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិ អនុសេនីយ៍ទោ។

សូមជម្រាបថា បច្ចុប្បន្នតួនាទី ប្រធាននាយកដ្ឋាន ឬស្នងការនៃស្នងការដ្ឋាននគរបាល​រាជធានី ខេត្ត ភាគច្រើន មានឋានន្តរស័ក្តិចាប់ពី ឧត្តមសេនីយ៍ទោ (ផ្កាយ២) រហូតដល់ ឧត្តមសេនីយ៍ឯក (ផ្កាយ៣)៕