អភិបាលរដ្ឋកាលីហ្វ័រញ៉ា អំពាវនាវឲ្យពលរដ្ឋធ្វើពហិការលើស្ថានីយប្រេងឥន្ធនៈ Chevron

អន្តរជាតិ

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានជំរុញឲ្យម្ចាស់យានយន្តទាំងអស់ ឈប់ទៅចាក់បំពេញប្រេងនៅស្ថានីយប្រេងឥន្ធនៈ Chevron ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដោយលើកឡើងពីតម្លៃប្រេងខ្ពស់ហួសហេតុពេកនៅទីនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន LA Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យសារព័ត៌មានរបស់អភិបាលរដ្ឋ Gavin Newsom បានប្រកាសនៅថ្ងៃទី២១ ខែឧសភាថា ប្រសិនបើអ្នកនឹងចេញទៅក្រៅចុងសប្តាហ៍នៃថ្ងៃឈប់សម្រាក គួរចៀសវាងការទៅចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ Chevron។ ក្រុមហ៊ុនប្រេងខ្នាតយក្សនេះ កំពុងរកបានប្រាក់ចំណូលរាប់ពាន់លានដុល្លារពីសង្គ្រាមអ៊ីរ៉ង់របស់លោក ត្រាំ។ ដូច្នេះកុំឱ្យពួកគេទាញយកប្រាក់បន្ថែមពីអ្នកទៀត ដោយសារតែម៉ាកយីហោធំរបស់ពួកគេ។

យ៉ាងណាមិញ លោក Newsom ក៏បានផ្តល់យោបល់ល្អទៅកាន់អ្នកបើកបរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយឲ្យពួកគេគួរតែទៅចាក់បំពេញប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈធម្មតា ជាជាងទៅរកតែម៉ាកយីហោធំៗ ដោយសារតែប្រេងទាំងនោះសុទ្ធសឹងតែយកចេញមកពីរោងចក្រចម្រាញ់ប្រេង ធុង និងបំបង់បង្ហូរប្រេងដូចគ្នា ហើយបំពេញតាមស្តង់ដាររដ្ឋដូចគ្នា ផងដែរ។

ជុំវិញសេចក្តីថ្លែងការណ៍របស់លោក Newsom ្ននេះបានកើតឡើងនៅពេលដែលជនជាតិអាមេរិករាប់លាននាក់រៀបចំធ្វើដំណើរ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Memorial Day នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ។

ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ារូបនេះ ក្រុមហ៊ុន Chevron បាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈក្រោមម៉ាកយីហោរបស់ខ្លួន ត្រូវបានដំណើរការដោយម្ចាស់អាជីវកម្មខ្នាតតូចៗ ហើយការប្រកាសរបស់លោក Newsom បែបនេះ ប្រៀបានដូចជាវាយប្រហារលើអាជីវកម្មខ្នាតតូច នៅក្នុងរដ្ឋដែរ។

គួរជម្រាបជូនផងដែរថា ស្ថានីយប្រេងឥន្ធនៈ Chevron ភាគច្រើនមិនត្រូវបានដំណើរការដោយផ្ទាល់ដោយក្រុមហ៊ុននោះទេ ប៉ុន្តែវាត្រូវបានដំណើរការដោយម្ចាស់អាជីវកម្មក្រោមគំរូសិទ្ធិផ្តាច់មុខ ឬភ្នាក់ងារ៕​