លោកប្រធាន ស៊ី គ្រោងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូង ក្រោយខកខានអស់ ៧ឆ្នាំ

អន្តរជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើង នៅសប្តាហ៍ក្រោយ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនេះ នៅក្នុងឆ្នាំ២០១៩ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទូរទស្សន៍កណ្តាលចិន (CCTV) បានប្រកាសនៅថ្ងៃទី៥ មិថុនាថា លោកប្រធាន ស៊ី នឹងទៅបំបេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី៨-៩ ខែមិថុនា តបតាមការអញ្ជើញរបស់មេដឹកនាំ គីម ជុងអ៊ុន។

គួរឲ្យដឹងថា ប្រទេសចិនគឺជាអ្នកគាំទ្រផ្នែកការទូត និងនយោបាយដ៏សំខាន់របស់កូរ៉េខាងជើង។ ភាគីទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ប៉ុន្តែមេដឹកនាំចិនកម្រទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងណាស់។

លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កូរ៉េខាងជើងម្តងក្នុងឆ្នាំ២០១៩ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសនេះ ក្នុងនាមជាអគ្គលេខាធិការ និងជាប្រធានាធិបតីចិន។ វាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល ១៤ឆ្នាំ គិតចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក ហ៊ូ ជីនតាវ ក្នុងឆ្នាំ២០០៥ មក។

នៅខែកញ្ញា ឆ្នាំ២០២៥ ប្រទេសចិន បានក្រាលកម្រាលព្រំក្រហមសម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុងប៉េកាំង។ លោក គីម និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គឺជាភ្ញៀវកិត្តិយសនៅក្នុងក្បួនដង្ហែរយោធាចិន ដើម្បីរំលឹកខួបលើកទី៨០ នៃជ័យជម្នះលើជប៉ុនហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី ២។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានទៅទស្សនកិច្ចកូរ៉េខាងជើងកាលពីខែមេសា ហើយបានជួបជាមួយមេដឹកនាំ គីម ជុងអ៊ុន។ លោក វ៉ាង បានសង្កត់ធ្ងន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានស្នើថា ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង គួរតែពង្រឹងការសម្របសម្រួលលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក៕