អ្នកមានដាច់គេទី២ របស់ឥណ្ឌូណេស៊ី គ្រោងទិញយកក្រុមហ៊ុនថាមពលកម្តៅផែនដីធំបំផុតរបស់ហ្វីលីពីន

អន្តរជាតិ

មហាសេដ្ឋីមានបំផុតលំដាប់ទី២ របស់ឥណ្ឌូណេស៊ី លោក Prajogo Pangestu កំពុងស្វែងរកលទ្ធភាពក្នុងការទិញយកក្រុមហ៊ុន Energy Development Corp. (EDC) ដែលជាក្រុមហ៊ុនថាមពលកំដៅផែនដីធំជាងគេរបស់ប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញថាក្រុមហ៊ុន Barito Renewables Energy ដែលគ្រប់គ្រងដោយ លោក Pangestu បានធ្វើការផ្តល់ជូនសំណើដំបូង ដើម្បីទិញយកក្រុមហ៊ុន EDC ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានវាយតម្លៃថាមានចំនួនរហូតដល់ ៥ពាន់លានដុល្លារ។

យ៉ាងណាមិញ ក្រុមហ៊ុន First Gen Corp. ដែលជាម្ចាស់ភាគហ៊ុនធំរបស់ EDC ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា សំណើនេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងត្រូវការការអនុម័តពីនិយតកម្មជាចាំបាច់។

ក្រុមហ៊ុន EDC ដែលជាក្រុមហ៊ុនរដ្ឋមានវ័យចំណាស់មួយ ត្រូវបានទិញយកដោយក្រុមហ៊ុនរបស់មហាសេដ្ឋីហ្វីលីន Federico Lopez នៅក្នុងឆ្នាំ២០០៧ ដើម្បីគ្រប់គ្រងជាម្ចាស់ និងដំណើរការរោងចក្រថាមពលកំដៅផែនដីចំនួន ១៦ នៅទូទាំងប្រទេសហ្វីលីពីន ដែលមានសមត្ថភាពរួមគ្នា ១ ៣០០ មេហ្គាវ៉ាត់។ ក្រុមហ៊ុននេះក៏មានសមត្ថភាពផលិតថាមពលវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជិត ៣០០ មេហ្គាវ៉ាត់ផងដែរ។

គរជម្រាបជូនថា លោក Prajogo Pangestu ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាអ្នកមានដាច់គេទី២ របស់ប្រទេសឥណ្ឌូណេស៊ី ជាមួយទ្រព្យសម្បត្តិសរុប ១៥,៤ពាន់លានដុល្លារ តាមពីក្រោយមហាសេដ្ឋីធ្យូងថ្ម Low Tuck Kwong ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៦,១ពាន់លានដុល្លារ៕​