តំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់អ្នកឧកញ៉ា គិត ម៉េង បង្ហាញកំណត់ត្រានាំចេញកើនដល់ជាង ៨០០លានដុល្លារ នៅ៤ខែដំបូង ឆ្នាំ២០២៦នេះ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ និងប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ) និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល (RGKSEZ) របស់អ្នកឧកញ៉ា គិត ម៉េង នៅតែបន្តបង្ហាញពីសន្ទុះកំណើនដ៏ខ្លាំងក្លា ដោយបានរួមចំណែកដល់ការអភិវឌ្ឍវិស័យ​ឧស្សាហកម្ម ការបង្កើតការងារ និងបង្កើនការនាំចេញរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ សកម្មភាពនាំចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក៏បានបង្ហាញពីកំណើន​ដ៏វិជ្ជមាន​។ ការនាំចេញសរុបចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់រហូតដល់ទៅ ៨០៩.០២លានដុល្លារអាមេរិក កើនឡើងពីចំនួន ៥៧៩.៨៨ លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេល​ដូចគ្នាកាលពីឆ្នាំ២០២៥ ដែលតួលេខនេះ បង្ហាញពីកំណើនប្រមាណ ៣៩.៥%។

លទ្ធផលវិជ្ជមាននេះបង្ហាញពីភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់វិនិយោគិនអ្នកផលិត ដែលកំពុងដំណើរ​ការនៅក្នុងតំបន់ទាំងពីរ ជាពិសេសចំពេលដែលមានការប្រឈមនឹងឧបសគ្គ នៃបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងសកល​លោកនាពេលបច្ចុប្បន្ន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានលើកឡើងថា «កំណើនជាបន្តបន្ទាប់នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្ដាល ឆ្លុះបញ្ចាំងពី​ទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិន ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងការប្ដេជ្ញាចិត្តរបស់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេស យើងខ្ញុំនៅតែបន្តប្ដេជ្ញាចិត្ត​ក្នុងការគាំទ្រដល់ការវិនិយោគ ប្រកបដោយនិរន្តរភាព ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេល​វែង​សម្រាប់ប្រទេសកម្ពុជា»៕