ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ និងប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ) និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល (RGKSEZ) របស់អ្នកឧកញ៉ា គិត ម៉េង នៅតែបន្តបង្ហាញពីសន្ទុះកំណើនដ៏ខ្លាំងក្លា ដោយបានរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ និងបង្កើនការនាំចេញរបស់ប្រទេសកម្ពុជា។

គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ សកម្មភាពនាំចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក៏បានបង្ហាញពីកំណើនដ៏វិជ្ជមាន។ ការនាំចេញសរុបចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់រហូតដល់ទៅ ៨០៩.០២លានដុល្លារអាមេរិក កើនឡើងពីចំនួន ៥៧៩.៨៨ លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលតួលេខនេះ បង្ហាញពីកំណើនប្រមាណ ៣៩.៥%។
លទ្ធផលវិជ្ជមាននេះបង្ហាញពីភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់វិនិយោគិនអ្នកផលិត ដែលកំពុងដំណើរការនៅក្នុងតំបន់ទាំងពីរ ជាពិសេសចំពេលដែលមានការប្រឈមនឹងឧបសគ្គ នៃបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានលើកឡើងថា «កំណើនជាបន្តបន្ទាប់នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្ដាល ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិន ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងការប្ដេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេស យើងខ្ញុំនៅតែបន្តប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការវិនិយោគ ប្រកបដោយនិរន្តរភាព ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា»៕









