សហរដ្ឋអាមេរិក លើកហេតុផលច្បាស់ៗ ជុំវិញការផ្អាកលក់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ឲ្យតៃវ៉ាន់

អន្តរជាតិ

យោងតាមមន្ត្រីអាមេរិក បានបង្ហាញឲ្យដឹងថា មូលហេតុដែលទីក្រុងវ៉ាស៊ីនតោន ផ្អាកលក់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ដល់កងកម្លាំងការពារជាតិតៃវ៉ាន់ គឺដើម្បីធានាប្រសិទ្ធភាពនៃយុទ្ធនាការរបស់ខ្លួនប្រឆាំងទៅនឹងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសវនាការមួយនៅចំពោះមុខសភាអាមេរិកនៅថ្ងៃទី២១ ខែឧសភា រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹក លោក Hung Cao ត្រូវបានសួរនាំអំពីការលក់អាវុធតម្លៃ ១៤ពាន់លានដុល្លារដែលកំពុងជាប់គាំងទៅឲ្យតៃវ៉ាន់។

លោក Cao បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែ “ផ្អាកជាបណ្តោះអាសន្ន” នូវកិច្ចព្រមព្រៀងនេះ ដើម្បីធានាបាននូវគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការវាយប្រហារនៅមជ្ឈិមបូព៌ា ប៉ុន្តែក្នុងនោះដែរ លោកក៏បានបញ្ជាក់ថា កងកម្លាំងអាមេរិកនៅតែមានអាវុធបម្រុងគ្រប់គ្រាន់។

យ៉ាងណាមិញ ចំពោះការកត់សម្គាល់នេះ បានជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀតអំពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការគាំទ្រដល់តៃវ៉ាន់ ពោលគឺចាប់តាំងពីលោក បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីពេលថ្មីៗនេះ។

សូមជម្រាបជូនផងដែរថា ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីរបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសម្រេចបាននូវការបង្រួបបង្រួមឡើងវិញ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកប្តេជ្ញាគោរពគោលការណ៍ “ចិនតែមួយ” ហើយមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ៕​