ក្រសួងការពារជាតិ តាមរយៈ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។


ជុំវិញករណីនេះ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់ សុចរិតនូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ជាពិសេសការអនុលោមតាមចំនុចទី៨ នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីកសាងជំនឿទុកចិត្តទៅវិញទៅមក និងបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

