ស្តេចប្រដាល់ភូមា ដាវ លីឌុច លើកម្រាមដៃ១០ ថាសៀមរាបបានឆក់យកបេះដូងខ្លួនហើយ

សង្គម​និង​សេដ្ឋកិច្ច

កំពូលកីឡាករប្រដាល់ភូមា ដាវ លីឌុច ​នៅ​ថ្ងៃពុធ​នេះ​ បាន​លើក​​ម្រាមទាំង១០ សំពះពី​ទឹកដី​ខេត្ត​សៀមរាប​ ថា​សៀមរាប​បានឆក់យកបេះដូង​របស់​លោក​ហើយ ​​​ខណៈ​ដែល​ពេល​នេះ លោក​កំពុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​សិក្សា​ស្វែង​​យល់​​​នៅ​តាម​ប្រាង្គ​ប្រាសាទ​ និង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នានា​នៃ​អតីត​រាជធានី អាណាចក្រខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការ​យក​ចិត្ត​ទុកដាក់​ និង​រៀបចំ​បដិសណ្ឋារកិច្ច​ដ៏​សែន​កក់ក្តៅ​ពី​ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ​​អ្នកឧកញ៉ា​​​បានយក helicopter ផ្ទាល់ខ្លួនជូនដំណើរកំពូល​កីឡាករ​ ដាវ លីឌុច ទៅទស្សនាខេត្តសៀមរាប ដើម្បីមើលឃើញផ្ទាល់​ភ្នែក ពីមរតកចម្លាក់ក្បាច់គុនបុរាណ​របស់​បុព្វបុរសខ្មែរ នាសម័យមហានគរ នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត បន្ទាប់ពី​​បញ្ចប់ការប្រកួតជាមួយអ្នកប្រដាល់ ព្រំ សំណាង កាលពីរាត្រីថ្ងៃទី០៥ ខែ វិច្ឆិកា។

ស្ដេចប្រដាល់ភូមា បានបង្ហាញអារម្មណ៍រីករាយ និងសោមនស្សជាខ្លាំង ចំពោះការធ្វើដំណើរទស្សនា​ខេត្ត​សៀមរាប។ ជាពិសេសកីឡាករ ដាវ លីឌុច បានគូសបញ្ជាក់ថា លោកមានក្ដីស្រមៃចង់​ទស្សនាប្រាសាទអង្គរវត្ត​ ជាយូរណាស់មកហើយ។ លោកបាននិយាយបន្ថែមថា ការអញ្ជើញរបស់សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស ជីប ម៉ុង ដោយជិះ helicopter ទៅកាន់ខេត្តសៀមរាប លើកនេះ គឺជាការចង់ចាំមិនអាចបំភ្លេចបាន និង​ជាទីមោទន​ភាពបំផុត​ក្នុងជីវិត។

សូមជម្រាប​ថា កំពូលកីឡាករប្រដាល់ ដាវ លីឌុច ​និង​កីឡាករ​ប្រដាល់​ឆ្នើម​របស់​កម្ពុជា ព្រំ សំណាង ​​បាន​បញ្ចប់​លទ្ធផល​ដោយ​ស្មើ​គ្នា លើ​វិញ្ញាសារ​​ការ​ប្រកួត​អំបោះ​ឆៅ Mass Fight ចំនួន ៩​នាទី ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​ជា​ប្រវត្តិសាស្ត្រ កាលពី​យប់​ថ្ងៃ​អាទិត្យ ទី០៥ ខែវិច្ឆិកា បន្ទាប់ពី​​កីឡាករ​ទាំង​ពីរ​ បាន​ខិតខំ​ហ្វឹកហាត់​​ត្រៀម​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ។ ក្រោយចប់​ការ​ប្រកួត គេ​សង្កេត​ឃើញ​កីឡាករ ដាវ លីឌុច ​​ទទួល​បាន​ការគាំទ្រ​ជា​ច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​ផង​ដែរ៕