រដ្ឋសភា បានជំរុញឱ្យប្រទេសចិន ជួយកៀរគរអ្នកវិនិយោគពីប្រទេសចិនឱ្យមកកម្ពុជាបន្ថែមទៀត ដើម្បីពន្លឿនវិនិយោគនិងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ការជំរុញនេះ បានធ្វើឡើងក្នុងពិភាក្សា រវាង លោក វង សូត អនុប្រធានទី២ រដ្ឋសភា និងលោក ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូ កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ លោក វង សូត អនុប្រធានទី២ រដ្ឋសភា បានស្នើប្រតិភូចិនធ្វើយ៉ាងណាជួយគាំទ្រដល់ការវិនិយោគនិងការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឧ្យកាន់តែមានភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ ខណៈលោកក៏បានថ្លែងអរគុណចំពោះមិត្តចិន ដែលតែងតែគាំទ្រកម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់បច្ចុប្បន្ន ជាពិសេសការគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ារបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកបន្តថា គិតមកដល់ពេលនេះ ប្រទេសចិននៅតែឈរលំដាប់ទីមួយក្នុងការវិនិយោគនៅកម្ពុជា ហើយនៅឆ្នាំ២០២៥នេះ ជាឆ្នាំនៃទេសចរណ៍កម្ពុជា-ចិន ដោយប្រទេសទាំងពីរបាននិងកំពុងកសាងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ជុំវិញរឿងនេះ លោក ហ៊ូ យ៉ុងអិន តំណាងប្រតិភូចិន លើកឡើងថា នេះគឺជាលើកទីមួយហើយដែលលោកបំពេញទស្សនកិច្ចការងារមកកាន់កម្ពុជា ហើយលោកពិតជាស្រសាញ់ប្រទេសកម្ពុជា ដូចជាផ្ទះទីពីររបស់លោកដែរ។ លោកថា លោកបានបង្កើតវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្រនេះ ដើម្បីបណ្តុះបណ្តាលអ្នកច្បាប់ និងកសាងប្រព័ន្ធច្បាប់ដែលចាំបាច់ ឈានទៅគាំពារអ្នកវិនិយោគ និងបង្កើនបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

ជាថ្មីម្តងទៀត លោកបានសន្យានិងប្រាប់ទៅអ្នកវិនិយោគគិនចិន ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែម និងប្តេជ្ញាសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជាមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវន្ឍនៅកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន ជាពិសេសគឺផ្តោតលើការកសាងផ្នែកនីតិវិធីច្បាប់ ឱ្យកាន់តែប្រសើរឡើង។
សូមជម្រាបដែថា តាមរយៈជំនួបនោះ រដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ប្រតិភូចិន ចំពោះការគាំទ្រកម្ពុជានៅគ្រប់កាលៈទេសៈ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចូលរួមសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ការសម្របសម្រួលនេះ គឺពិតជាបានជួយស្វែងរកសន្តិភាពមកវិញដល់កម្ពុជា ក៏ដូចជាជួយសង្គ្រោះអាយុជីវិតជនស៊ីវិលស្លូតត្រង់ជាច្រើន និងការខាតបង់សេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ហ្សាលីន

