សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ១៦ក្រសួង ស្ថាប័ន បានកែសម្រួលរចនាសម្ព័ន្ធ ដោយមានការកាត់បន្ថយ អគ្គនាយកដ្ឋាន ចំនួន៣ និងនាយកដ្ឋានចំនួន៣០។

ថ្លែងនៅក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី បានលើកឡើងថា «មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ ដែលជាគណៈកម្មការកំណែទម្រង់ បានធ្វើការ ១៦ក្រសួង ស្ថាប័ន ដោយបានធ្វើការកែសម្រួលហើយ, ក្នុងនោះទូទាំងរដ្ឋាភិបាល មកដល់ម៉ោងនេះ ក្រោយការពិនិត្យ ១៦ក្រសួង ស្ថាប័ននេះ យើងមានគម្រោងកែសម្រួល និងកាត់បន្ថយចំនួន ៣អគ្គនាយកដ្ឋាន ៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ និងនៅធ្វើបន្តទៀត»។
ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានរម្លឹកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់បានដាក់ចេញពាក្យស្លោកថា «កែទម្រង់រស់មិនកែទម្រង់គឺស្លាប់» ដោយសម្ដេចធិបតី ចាត់ទុកពាក្យស្លោករបស់សម្ដេចតេជោ មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។ ខណៈដែលគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជន គឺត្រូវធ្វើការកំណែទម្រង់៕




