លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Zhang Yong អភិបាលក្រុងហៃគូ នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងក្រុងហៃគូ ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។

នៅក្នុងជំនួបដែលផ្ដោតលើការអនុវត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុងហៃគូ ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា នៅទីក្រុងហៃគូ ខេត្តហៃណានកាលពីពេលថ្មីៗនេះ ភាគីទាំងពីរ ក៏បានជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងហៃគូ និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ក៏ត្រូវបានលើកឡើង និងឯកភាពផងដែរ។
ក្នុងជំនួប រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យភាគីក្រុងហៃគូ ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋក្រុងហៃគូ តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងសហគមន៍ធុរកិច្ចទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានស្នើពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងការិយាល័យទេសចរណ៍ក្រុងហៃគូ ព្រមទាំងស្នើជំរុញការរៀបចំវេទិកាធុរកិច្ចទេសចរណ៍កម្ពុជា-ក្រុងហៃគូ ដើម្បីបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍នៃភាគីទាំងពីរ និងស្នើជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីក្រុងហៃគូ មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ។
គួរបញ្ជាក់ថា ក្រុងហៃគូ គឺជាទីក្រុងសំខាន់មួយរបស់ខេត្តហៃណាន ដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ហើយក៏ជាច្រកទ្វារសំខាន់សម្រាប់ការតភ្ជាប់រវាងប្រទេសចិន តំបន់ និងអន្តរជាតិ៕





