កំពង់ផែកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត តម្លៃ១,៥០០លានដុល្លារ ចាប់ផ្តើមសាងសង់ហើយ

សង្គម​និង​សេដ្ឋកិច្ច

កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ធំនៅខេត្តកំពត បានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគ​១,៥០០លានដុល្លារអាមេរិក កំពង់ផែនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកការដ្ឋានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅកម្រិតអន្តរជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់។

កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ទីតាំងកំពង់ផែនេះ ជាទីតាំងស្ថិតនៅក្នុងតំបន់ដែលមានអំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

ក្រៅពីនេះ លោកថា ទីតាំងកំពង់ផែនេះ ក៏មានកត្តាអំណោយផលពីធម្មជាតិ រួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។

ជាមួយគ្នានេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានលើកឡើងដែរថា គម្រោងនេះ ក៏នឹងចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេស ជួយរាជរដ្ឋាភិបាលក្នុងការសម្រេចទិសដៅ ប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

គួរបញ្ជាក់ថា បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ដែលគ្រោងនឹងបញ្ជប់ក្នុងរយៈពេល ២ឆ្នាំកន្លះយ៉ាងយូរ និង អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ ២០០លានដុល្លារអាមេរិក ។

គម្រោងនេះនឹងរួមបញ្ចូលនូវ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភាកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាគ្រប់ប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

ទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន។ កំពង់ផែពហុបំណងនេះ នឹងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០។
តាមរយៈគម្រោងវិនិយោគដ៏ធំនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់លើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖រង្សី