នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឲ្យបង្ក្រាប Online Scams ទាល់តែអស់ជាដាច់ខាត ដើម្បីមុខមាត់ប្រទេសជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ ដល់កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបន្ដបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យទាល់តែជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងឱកាសអញ្ជើញដឹកនាំ​ប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា នៅមានសេសសល់បញ្ហាមួយចំនួនទៀត ដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។

បន្ថែមពីលើនេះ សម្តេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី ខេត្ត កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវធ្វើឲ្យដូចភ្លៀងរលឹម ដោយចាត់វិធានការឲ្យបានតឹងរឹង ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ៕