ព្រះរាជបុត្រ​ទី៤របស់សម្តេច​ នរោត្តម សីហនុ ដំឡើងព្រះឋានៈជា «សម្តេចក្រុមព្រះ»

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ជា «សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ តាមរយៈព្រះរាជក្រឹត្យ នស/រកត/០១២៤/០៨៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ព្រះឋានៈសម្តេចក្រុមព្រះដើមឡើយ គឺព្រះមហាក្សត្រត្រាស់បង្គាប់ដល់អតីតនាយករដ្ឋមន្រ្តី ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុ និងត្រូវជាព្រះរាមនៃព្រះមហាក្សត្របច្ចុប្បន្ន។ សម្តេចក្រុមព្រះ ព្រះអង្គចូលព្រះទិវង្គតថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចព្រះនរោត្តម ចក្រពង្ស ប្រសូត​នៅ​ថ្ងៃ​ទី ២១ ខែ តុលា ឆ្នាំ ១៩៤៥ គឺ​ជា​អ្នក​នយោបាយ អ្នក​ជំនួញ និង​ជា​អតីតឧត្តម​សេនីយ៍នៃ ​កង​យោធពល​ខេមរភូមិន្ទ ដែលជាអ្នកបើកយន្តហោះយោធា។ ព្រះអង្គ​ជា​ព្រះរាជបុត្រ​ទី ៤ របស់ព្រះបរមរតនកោដ្ឋិ ព្រះបាទ​នរោត្តម សីហនុ ហើយ​ក៏​ជា​បង​ប្អូន​បង្កើត​របស់​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​។ 

ព្រះនរោត្តម ចក្រពង្ស អតីតជាម្ចាស់ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​មួយ​គឺ​ក្រុមហ៊ុន​អាកាសចរណ៍ រ៉ូយ៉ាល់ភ្នំពេញ ដែលបញ្ឈប់ប្រតិបត្តិការទាំងអស់នៅដើមឆ្នាំ ២០០៦។ នៅឆ្នាំ ២០០២ ចក្រពង្ស បានបង្កើតគណបក្សរាជានិយមមួយ គឺគណបក្សព្រលឹងខ្មែរ។ នៅពេលដែលគណបក្សព្រលឹងខ្មែរបរាជ័យក្នុងការទទួលបានអាសនៈសភាតែមួយនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០០៣ ព្រះ នរោត្តម ចក្រពង្ស បានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយបានបម្រើការជាសមាជិកព្រឹទ្ធសភាក្នុងរយៈពេលខ្លីក្នុងឆ្នាំ ២០០៥។

នៅ​ឆ្នាំ​២០០៦ ព្រះនរោត្តម ចក្រពង្ស ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បាន​ចូល​រួម​ជាមួយគណបក្ស​នរោត្តម រណឫទ្ធិ ។ នៅពេលដែលរដ្ឋាភិបាលកម្ពុជាបន្តការស៊ើបអង្កេតផ្លូវច្បាប់លើបំណុលដែលព្រះអង្គប្រមូលពីក្រុមហ៊ុនអាកាសចរណ៍ទ្រង់ បានលាឈប់ពីឆាកនយោបាយក្នុងឆ្នាំ ២០០៧។ នៅឆ្នាំ ២០១៣ ព្រះអង្គត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា៕