សហភាពអឺរ៉ុប និងម៉ិកស៊ិក កាលពីចុងសប្តាហ៍មុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយលើទំនិញរបស់គ្នាទៅវិញទៅមក ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ការពង្រីកកិច្ចព្រមព្រៀងដែលមានតាំងពីឆ្នាំ២០០០ នេះ ត្រូវបានធ្វើឡើងនៅចំពេលដែលម៉ិកស៊ិក ខិតខំថែរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបីផ្លូវជាមួយសហរដ្ឋអាមេរិក និងកាណាដា។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតទីបីរបស់ម៉ិកស៊ិក ដែលនៅពីក្រោយតែសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះ។
យ៉ាងណាមិញ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការបើកជើងមេឃបន្ថែមទៀត” នៅពេលដែលទាំងម៉ិកស៊ិក និងសហភាពអឺរ៉ុប កំពុងតស៊ូជាមួយនឹងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Sheinbaum និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ម៉ិកស៊ិកលើកទីប្រាំបី ដែលបានលុបបំបាត់ឧបសគ្គដែលនៅសេសសល់ភាគច្រើន ចំពោះពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ។
កិច្ចព្រមព្រៀងដែលបានធ្វើបច្ចុប្បន្នភាពនេះ ជួយសម្រួលដល់ពាណិជ្ជកម្មគ្រឿងបន្លាស់រថយន្ត ដែលជាវិស័យមួយដែលរងផលប៉ះពាល់ជាពិសេស ដោយពន្ធគយរបស់លោក ត្រាំ។ ប្រទេសម៉ិកស៊ិក ក៏បានយល់ព្រមទទួលស្គាល់ផលិតផលអាហារ និងភេសជ្ជៈរាប់រយមុខពីតំបន់ជាក់លាក់របស់សហភាពអឺរ៉ុបមួយចំនួនផងដែរ ដូចជាសាច់ជ្រូក Parma និងឈីស Roquefort ជាដើម។
គួរជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះនឹងបន្ថយពន្ធលើផលិតផលជាច្រើនទៀត និងផ្តល់សិទ្ធិចូលប្រើប្រាស់ដោយមិនគិតពន្ធចំពោះប៉ាស្តា សូកូឡា ដំឡូងបារាំង ផ្លែប៉េសកំប៉ុង ស៊ុត និងផលិតផលបសុបក្សីមួយចំនួន៕

