គណៈកម្មាធិការការពារជាតិ និងសន្តិសុខជាតិ នៃព្រឹទ្ធសភាថៃ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានជំរុញឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេង ដែលពាក់ព័ន្ធនឹងប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន។

បើតាមសារព័ត៌មាន The Nation Thailand បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រធានគណៈកម្មាធិការ លោកឧត្តមសេនីយទោ Sawat Tassana បានកំណត់ពេលធ្វើសន្និសីទសារព័ត៌មានមួយទាក់ទងនឹងវីដេអូឃ្លីប ដែលមានខ្លឹមសារអាចបង្កើតជាការបំពានក្រមសីលធម៌ធ្ងន់ធ្ងរដោយនាយករដ្ឋមន្ត្រីក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលថៃ។
ជាមួយគ្នានេះ គណៈកម្មាធិការក៏បានចេញសេចក្តីថ្លែងការណ៍រៀបចំសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដោយគូសបញ្ជាក់ថា សកម្មភាពរបស់នាយករដ្ឋមន្ត្រី បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ បំផ្លាញការជឿទុកចិត្តរបស់សាធារណជន និងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់យោធា។
គណៈកម្មាធិការកំពុងទាមទារឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ទទួលខុសត្រូវចំពោះការលើកឡើងតាមទូរស័ព្ទ ដោយផ្តល់ការសុំទោសជាផ្លូវការដល់សាធារណជន និងយោធាថៃ។ លើសពីនេះ គណៈកម្មាធិការមានបំណងស៊ើបអង្កេតបញ្ហានេះឱ្យបានពេញលេញដោយប្រើអំណាចរបស់ខ្លួនផងដែរ។
សូមជម្រាបថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ កំពុងប្រឈមនឹងការបាត់បង់តំណែង បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋមួយចំនួន និងគណៈរដ្ឋមន្ត្រីថៃ ក្រោយមានការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ១៧នាទី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខណៈដែលពលរដ្ឋថៃ យល់ថាទង្វើរនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ និងប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសផងដែរ៕

