បុរសនៅពីក្រោយភាពជោគជ័យរបស់ហាង 7-Eleven ទទួលមរណភាពហើយក្នុងវ័យ ៩៣ឆ្នាំ

អន្តរជាតិ

លោក Toshifumi Suzuki អតីតប្រធានក្រុមហ៊ុន Seven & i Holdings និង​ជា​បុរស​ដែល​នៅ​ពីក្រោយ​ភាពជោគជ័យ​ជាសកល​នៃ​ហាង​លក់​ទំនិញ​រាយ 7-Eleven បាន​ទទួលមរណភាពហើយ នៅ​ក្នុងអាយុ ៩៣ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Seven & i Holdings បាន​ប្រកាស​នៅ​ថ្ងៃទី២៥ ខែឧសភា​ថា លោក Suzuki បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​បេះដូង​ នៅ​ថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ​ ក្រុមហ៊ុន Seven & i Holdings បានសរសេរថា ៖”យើង​សូម​សម្តែង​ការដឹងគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សេចក្តីស្រឡាញ់ និង​ការគាំទ្រ​ដែល​មនុស្ស​គ្រប់គ្នា​បានបង្ហាញ​ដល់​លោក Suzuki រហូតដល់ជីវិតចុងក្រោយរបស់គាត់ ថ្ងៃនេះ យើងមានភាពសោកស្តាយក្រៃលែង ក្នុងការ​ប្រកាស​ពី​ការស្លាប់​របស់គាត់”។

លោក Suzuki ត្រូវបាន​ចាត់ទុកថា​ជា “បិតា​នៃ​ហាង​លក់ទំនិញ​រាយ” នៅ​ប្រទេស​ជប៉ុន។ លោក​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុនផ្សារទំនើប Ito-Yokado (ជប៉ុន) ក្នុង​ឆ្នាំ១៩៦៣ ហើយបានរកឃើញហាង 7-Eleven ក្នុងអំឡុងពេល​ធ្វើដំណើរ​អាជីវកម្ម​ទៅកាន់​សហរដ្ឋអាមេរិក​ ដើម្បី​ចរចា​អំពី​ការរួមបញ្ចូលគ្នា និង​ការទិញយក។

ក្រោយមក ក្រុមហ៊ុន Ito Yokado បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Southland Corporation ដែលជាម្ចាស់ហាង 7-Eleven ហើយបានបើកហាង 7-Eleven ដំបូងគេនៅទីក្រុងតូក្យូក្នុងឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ 7-Eleven មានហាងជាង ៨៥ ០០០ កន្លែងនៅទូទាំងពិភពលោក ដោយមានប្រហែល ២៥% នៅក្នុងប្រទេសជប៉ុន៕​