លោក Pham Nhat Quan Anh ដែលជាកូនប្រុសច្បងរបស់មហាសេដ្ឋីមានដាច់គេនៅវៀតណាម Pham Nhat Vuong ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការសម្រេចចិត្តនេះត្រូវបានប្រកាសដោយក្រុមហ៊ុន VinFast នៅថ្ងៃទី២៥ ខែឧសភា។ មុនពេលលោកត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន VinFast លោក Quan Anh ក៏ធ្លាប់បានបម្រើការជាអនុប្រធាន និងជាអគ្គនាយករងក្រុមហ៊ុនរថយន្តខ្នាតយក្សនេះផងដែរ។
យ៉ាងណាមិញ ចំពោះលោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup នឹងត្រូវប្តូរតំណែងទៅជាអគ្គនាយករបស់ក្រុមហ៊ុន VinFast វិញ។
គួរឲ្យដឹងផងដែរថា កូនប្រុសច្បងរបស់មហាសេដ្ឋី Pham Nhat Vuong រូបនេះ នឹងជំនួសលោកស្រី Le Thi Thu Thuy ដែលនឹងចុះចេញពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VinFast ដើម្បីផ្តោតលើតួនាទីរបស់ខ្លួន ជាអនុប្រធានក្រុមហ៊ុន Vingroup។ បច្ចុប្បន្ន Vingroup គឺជាក្រុមហ៊ុនមេរបស់ VinFast ដោយកាន់កាប់ភាគហ៊ុនសរុបប្រមាណ ៥០%។
ជម្រាបជូនថា លោក Quan Anh បានចូលរួមជាមួយក្រុមហ៊ុន VinFast ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានកាន់តំណែងធំៗជាច្រើន មុនពេលចូលរួមក្រុមប្រឹក្សាភិបាល កាលពីខែវិច្ឆិកា ឆ្នាំមុន។ បន្ថែមពីលើតួនាទីជាអ្នកដឹកនាំរបស់លោកនៅក្រុមហ៊ុន VinFast លោក Quan Anh ក៏ជាអគ្គនាយកក្រុមហ៊ុន VinMetal ដែលជាក្រុមហ៊ុនផលិតដែកថែប ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Vingroup ផងដែរ៕

