ឧស្សាហកម្មអាពាហ៍ពិពាហ៍នៅចិនតម្លៃ ៥០០ពាន់លានដុល្លារ កំពុងប្រឈមហានិភ័យខ្ពស់

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ឧស្សាហកម្មអាពាហ៍ពិពាហ៍នៅចិន ដែលមានតម្លៃរហូតដល់ ៥០០ពាន់លានដុល្លារ កំពុងប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ដោយសារចំនួនប្រជាជន ដែលមានបំណងចង់រៀបការកាន់តែមានតិចទៅៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មអាពាហ៍ពិពាហ៍នៅចិន ហាក់ទទួលរងផលប៉ះពាល់បំផុត ដោយសារជំងឺរាតត្បាតកូវីដ១៩ ផង គួបផ្សំសេដ្ឋកិច្ចសកល​កំពុង​ប្រឈមហានិភ័យទៀត វារឹតតែធ្វើឲ្យអត្រាប្រជាជនចង់រៀបការ កាន់តែមានតិច។

ជាទូទៅ ការរៀបចំពិធីអាពាហ៍ពិពាហ៍នៅចិនម្ដងៗគឺត្រូវការចំណាយច្រើន ពោលត្រូវទិញជំនូន​ជូនគ្រួសារសងខាង រៀបចំអាហារទទួលភ្ញៀវច្រើនពេល និងការចំណាយផ្សេងៗ ដែលធ្វើឲ្យ​ប្រជាជនមិនចង់ចាយលុយលើពិធីទាំងនោះ ចំពេលសេដ្ឋកិច្ចសកលមានកំណើនយឺតផង ដូច្នេះ​ប្រជាជនមួយភាគធំ ងាកទៅរកការរៀបចំអាពាហ៍ពិពាហ៍តាមបែបអឺរ៉ុប គឺគ្រាន់តែធ្វើការសច្ចា​រវាងគូស្នេហ៍ និងដឹងលឺពីគ្រួសារសងខាងប៉ុណ្ណោះ។

បញ្ហាដែលឧស្សាហកម្មមួយនេះកំពុងជួប ក៏ធ្វើឲ្យរដ្ឋាភិបាលកំពុងឈឺក្បាលដូចគ្នា ពោល​នៅពេលប្រជាជនមិនចង់បង្កើតគ្រួសារថ្មី អត្រាកំណើតក៏មានការថយចុះទៅតាមហ្នឹង ដែលធ្វើឲ្យចិនជួបការធ្លាក់ចុះនៃអត្រាប្រជាជនជាលើកដំបូងក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយនេះ។

គួររំលឹកដែរថា កាលពីឆ្នាំទៅការរៀបអាពាហ៍ពិពាហ៍ទូទាំងប្រទេសចិន មានប្រមាណ ៦,៨លាន ថយចុះប្រហែល ៨០០ ០០០ បើធៀបនឹងឆ្នាំ២០២១ និងបានក្លាយជាតួលេខតិចបំផុត តាំងពីរដ្ឋាភិបាលចាប់ផ្ដើមបញ្ចេញទិន្នន័យពីការរៀបអាពាហ៍ពិពាហ៍ កាលពីឆ្នាំទៅ១៩៨៦៕