ភ្ញៀវទេសចរ៣ប្រទេស មកទស្សនាកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល៤ខែ ដំបូងឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

ទោះបីមានភាពមិនច្បាស់លាស់នៅលើស្ថានការណ៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល និងតំបន់ ក្នុងឆ្នាំ២០២៥ ក៏ដោយ កម្ពុជានៅតែទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ដែលបង្ហាញពីកំណើនប្រកបដោយគុណភាពនៃវិស័យទេសចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៣ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានជាង ៣៣០,០០០ នាក់ ឈរនៅលំដាប់ទី១ បន្ទាប់មកភ្ញៀវទេសចរវៀតណាម ប្រមាណ ៣១២,០០០ នាក់ ឈរនៅលំដាប់ទី២ និងភ្ញៀវទេសចរមីយ៉ាន់ម៉ាជាង ១០,០០០ នាក់ ឈរនៅលំដាប់ទី៣។

នេះជាការឱ្យដឹងពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី Cambodia Travel Match 2026 Mini-Series ដើម្បីជំរុញការផ្សព្វផ្សាយ និងជំរុញទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោកក៏បានបញ្ជាក់ថា កម្ពុជា គឺជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយសុវត្ថិភាព។  កម្ពុជា សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ល្បីល្បាញលើពិភពលោក ជាពិសេសតំបន់អង្គរ ទីក្រុងដ៏រស់រវើក តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទេសភាពទន្លេមេគង្គ និងបឹងទន្លេសាប តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងម្ហូបអាហារខ្មែរដែលមានអត្តសញ្ញាណពិសេស។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិន រយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដែលជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា។