លោក Jensen Huang មហាសេដ្ឋីអាមេរិក មានដើមកំណើតមកពីតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី២៧ ឧសភាថា ក្រុមហ៊ុន Nvidia របស់លោក នឹងវិនិយោគទឹកប្រាក់ចំនួន ១៥០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ នៅតៃវ៉ាន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Chosun។

ការប្រកាសរបស់លោក Huang នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលពិធីបើកការដ្ឋានសាងសង់ទីស្នាក់កណ្តាលរបស់ Nvidia នៅទីក្រុងតៃប៉ិ។ តៃវ៉ាន់ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលស្នូននៃការធ្វើបដិវត្តន៍បច្ចេកវិទ្យា AI របស់ពិភពលោក។
មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិរូបនេះ បាននិយាយទៀតថា ទាំងបន្ទះឈីប ការវេចខ្ចប់ទំនើប ប្រព័ន្ធ AI និងប្រព័ន្ធកុំព្យូទ័រទំនើប AI សុទ្ធសឹងតែត្រូវបានផលិតឡើងនៅតៃវ៉ាន់ ខណៈពេលដែល Nvidia ក៏បានបង្ហាញផែនការជួលបុគ្គលិកបន្ថែមប្រហែល ៤ ០០០ នាក់ នាក់បន្ទាប់ពីការបញ្ចប់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននេះបញ្ចប់ការសាងសង់ នៅឆ្នាំ២០៣០ ខាងមុខ។
គួរជម្រាបជូនផងដែរថា កាលពីបួនទៅប្រាំឆ្នាំមុន Nvidia បានចំណាយប្រាក់ចំនួន ១០-១៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅតៃវ៉ាន់ ប៉ុន្តែឥឡូវនេះ បានកើនឡើងដល់ ១០០ពាន់លានដុល្លារ ហើយនៅពេលអនាគត អាចនឹងឈានដល់ ១៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕

