ទុនប្រេងបម្រុងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះប្រហែល ៥០ លានបារ៉ែល ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

បច្ចុប្បន្ននេះ ដោយសារតែពលរដ្ឋអាមេរិកជាច្រើនកាន់តែមិនពេញចិត្តនឹងការកើនឡើងនៃតម្លៃប្រេងសាំងក្នុងប្រទេស រដ្ឋបាលប្រធានធិបតី លោក ដូណាល់ ត្រាំ កំពុងកាត់បន្ថយទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងល្បឿនលឿនជាងអ្នកកាន់តំណែងមុនៗ។ មិនត្រឹមតែទំហំនៃការបញ្ចេញប្រេងបានលើសពីកំណត់ត្រាមុនៗប៉ុណ្ណោះទេ ប៉ុន្តែប្រេងដែលនៅសល់ក្នុងទុនបម្រុងក៏ជិតធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ខ្លួន គិតចាប់តាំងពីដើមទសវត្សឆ្នាំ១៩៨០ ផងដែរ។
វិធានការបន្ទាន់ដែលបានអនុវត្តនៅដើមឆ្នាំនេះ បានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិប្រេងដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជាការប្រណាំងប្រជែងសកលដើម្បីជំនួសប្រេងឆៅដែលជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស។
យ៉ាងណាមិញ យោងតាមក្រុមហ៊ុន S&P Global Energy បាននិយាយថា ការជាប់គាំងនៃច្រកសមុទ្រ Hormuz ចាប់តាំងពីចុងខែកុម្ភៈ បានរំខានដល់លំហូរប្រេងឆៅជាង ១,២ ពាន់លានបារ៉ែលនៅទូទាំងពិភពលោក។ ហើយដើម្បីទូទាត់សងសម្រាប់ការខ្វះខាតនេះ ទុនប្រេងបម្រុងបន្ទាន់របស់សហរដ្ឋអាមេរិក (SPR) បានបញ្ចេញប្រេងឆៅចំនួន ៩,១ លានបារ៉ែល កាលពីសប្តាហ៍មុន ក្នុងចំណោមការបញ្ចេញរាប់លានបារ៉ែលផ្សេងទៀត គិតចាប់តាំងពីផ្ទុះជម្លោះមក។
គួរជម្រាបជូនថា យោងតាមទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា ស្តុកប្រេងនៅក្នុង SPR បានថយចុះប្រហែល ៥០ លានបារ៉ែល ឬ ១២% មកត្រឹម ៣៦៥ លានបារ៉ែល។ នេះគឺជាកម្រិតទាបបំផុត គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៤ មក៕

