លោកអ្នកឧកញ៉ា ទ្រី ភាព ក្នុងឋានៈជាប្រធានគណៈពង្រឹងការងារនៅស្រុកប្រាសាទបល្ល័ង្ករបស់គណបក្សប្រជាជនកម្ពុជា ក្រៅពីការចូលរួមជួយកសាងសមិទ្ធផលនានាហើយនោះ លោកក៏បានផ្សារភ្ជាប់មនោសញ្ចេតនាជាមួយប្រជាពលរដ្ឋ ដោយដាក់ចេញកម្មវិធីចងដៃរាល់ប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ដោយការមួយរោងចងដៃ១០០ដុល្លារ។ សម្រាប់ពលរដ្ឋមានសមាជិកគ្រួសារទទួលមរណភាព ចូលរួមបុណ្យសព ២០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម។

យោងតាមរបាយការណ៍បង្ហាញក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ៦.៩០០ នាក់ មកពីឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ លោកអ្នកឧកញ៉ា បានចងដៃមង្គលការចំនួន ៤១៣គូ ចំណាយថវិកា ៤១,៣០០ដុល្លារ និងចូលរួមបុណ្យសព ៧៤០សព ចំណាយថវិកាជាង ១៤៨លានរៀល និងអង្ករជិត ៤ម៉ឺនគីឡូក្រាម។ សម្រាប់រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ លោកអ្នកឧកញ៉ា បានចំណាយលើការចងដៃ និងចូលរួមបុណ្យសពប្រមាណ ជាង៨ម៉ឺនដុល្លារ។
សូមជម្រាបថា ក្នុងពិធីសំណេះសំណាលម្សិលមិញនេះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវអំណោយចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលបានចូលរួមទាំង ៦.៩០០ ផងដែរ ដោយបូករួមទាំងអំណោយ និងការចំណាយរៀបចំកម្មវិធីសរុបអស់ថវិកាប្រមាណ ៥២០.០០០.០០០ រៀល៕







