លោក ជិន ម៉ាលីន៖ ការរៀបចំការប្រឡងមានលក្ខណៈសុក្រឹត ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌សម្រាប់បេក្ខជន ដោយធានាបានថា «អ្នកចេះជាងគេ គឺជាប់»

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន អំពីចំណាប់អារម្មណ៍ ចំពោះការរៀបចំការប្រឡងប្រជែងដែលដឹកនាំដោយ ក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងថា ” គណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ជាពិសេសគឺឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ទាល់តែម្តង គឺធ្វើការប្រឡងជ្រើសរើស រយៈពេល ១ថ្ងៃពេញ ដើម្បីជ្រើសរើសមន្ត្រីបច្ចេកទេសជំនាញខាងច្បាប់ ចំនួន ៤៥រូប។ នេះគឺជាលើកទី១ ដែលការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ រៀបចំតាមរយៈយន្តការរួមមួយ ដឹកនាំដោយក្រសួងមុខងារសាធារណៈ ផ្អែកលើយន្តការនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលកន្លងមកក្រសួងយុត្តិធម៌រៀបចំដោយខ្លួនឯង។”

លោកបានបន្ថែមថា “ការរៀបចំនេះ ឃើញថាមានការរៀបចំបានល្អ មានភាពសុក្រឹត អាចជឿជាក់បាន ដែលទី១. យន្តការដឹកនាំ គឺដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែម្តង និងទី២. គឺកិច្ចដំណើរការ គឺមានភាពសុក្រឹត មានការសម្ងាត់គ្រប់ដំណាក់កាលទាំងអស់ រួមទាំងដំណាក់កាលនៃការរៀបចំវិញ្ញាសា ការចេញវិញ្ញាសា និងត្រួតពិនិត្យការប្រឡង។ ជារួមឃើញថា ដំណើរការនៃការរៀបចំការប្រឡងបានល្អ មានលក្ខណៈច្បាស់លាស់ មានភាពសុក្រឹត គ្រប់ជ្រុងជ្រោយ ធានាថាធ្វើយ៉ាងណារើសឱ្យបានមន្ត្រីល្អ ដែលមានសមត្ថភាពទៅតាមជំនាញដែលយើងត្រូវការ។”

លើសពីនេះ លោកបានគូសបញ្ជាក់បន្ថែមថា “ការប្រឡងលើកនេះ ខុសពីការប្រឡងមុនៗ គឺថារើសទៅតាមជំនាញមួយៗ ទៅតាមអង្គភាពមួយៗដែលយើងត្រូវការ។ ដូច្នេះ លទ្ធផលដែលយើងរំពឹងទុក តាមរយៈយន្តការនៃការរៀបចំនេះ គឺយើងអាចរើសបានមន្ត្រីត្រូវជំនាញ និងត្រូវកន្លែងដែលយើងចង់បានតែម្តង។ ជារួមការៀបចំការប្រឡង មានលក្ខណៈ សុក្រឹត ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់ ដែលយើងអាចរើសបានមន្ត្រីដែលមានជំនាញច្បាស់លាស់ ចំកន្លែងដែលយើងត្រូវការ។