ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការបង្កើនសមត្ថភាពយោធារបស់កម្ពុជា នៅក្នុងដំណាក់កាលបច្ចុប្បន្ន គឺធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីប៉ុណ្ណោះ ដោយកម្ពុជាមិនមានបំណងឈ្លានពាន ឬបង្កជម្លោះយោធាជាមួយប្រទេសជិតខាងឡើយ។

ការបញ្ជាក់នេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តកោះកុង។
នាឱកាសនោះ លោក ទៀ សីហា បញ្ជាក់ថា «ខ្ញុំតែងតែបញ្ជាក់ជារៀងរហូតថា កម្ពុជាមិនមានបំណងឈ្លានពាន ឬប៉ះទង្គិចយោធាជាមួយអ្នកជិតខាងនោះទេ។ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្នា ក៏ខ្ញុំតែងតែសំណូមពរនូវអ្វីដែលយើងអាចការពារខ្លួនបាន»។
លោកបន្ដថា កម្ពុជាតែងតែបញ្ជាក់ជូនដៃគូអន្តរជាតិ និងអង្គទូតនានាថា រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាព និងមិនមានចេតនាប្រើប្រាស់កម្លាំងយោធា ដើម្បីឈ្លានពានប្រទេសណាមួយឡើយ។ ការពង្រឹងវិស័យការពារជាតិ គឺផ្តោតលើសមត្ថភាពការពារទឹកដី និងផលប្រយោជន៍ជាតិរបស់ខ្លួន។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ថា កម្ពុជាមិនមានតម្រូវការអាវុធដែលអាចវាយប្រហារចម្ងាយរាប់រយគីឡូម៉ែត្រនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការ គឺប្រព័ន្ធការពារដែលមានប្រសិទ្ធភាព និងអាចធានាសុវត្ថិភាពភូមិសាស្ត្ររបស់ប្រទេសបានយ៉ាងរឹងមាំ៕







