ក្រុមហ៊ុនកំពូលរបស់វៀតណាម Vingroup មានគម្រោងវិនិយោទឹកប្រាក់ចំនួន ១២,៧៥លានដុល្លារ ឬស្មើជាង ៣០០ពាន់លានដុង នៅក្នុងក្រុមហ៊ុន Vinmotion USA ដើម្បីស្រាវជ្រាវលើការមនុស្សយន្តដែលមានរាងដូចមនុស្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ដើម្បីបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន ក្រុមហ៊ុន Vingroup នឹងទិញភាគហ៊ុន ឬដើមទុននៅក្នុងក្រុមហ៊ុន Vinmotion USA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ជុំវិញគោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីស្រាវជ្រាវ និងអភិវឌ្ឍផលិតផលមនុស្សយន្តដែលមានរាងដូចមនុស្ស និងដំណោះស្រាយបច្ចេកវិទ្យា។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Vingroup មានគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នៅសហរដ្ឋអាមេរិក ដើម្បីទាក់ទាញអ្នកមានទេពកោសល្យទូទាំងពិភពលោក។
ក្រុមហ៊ុន Vingroup បានប្រកាសជាលើកដំបូងអំពីការចូលប្រឡូកក្នុងវិស័យផលិតមនុស្សយន្ត នៅឆ្នាំ២០២៤។ ហើយមុនពេលគម្រោងវិនិយោគនៅ Vinmotion USA នេះ ក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេរបស់ប្រទេស លោក Pham Nhat Vuong ក៏បានវិនិយោគនៅក្នុងក្រុមហ៊ុនមនុស្សយន្តចំនួនបីផ្សេងទៀត ដូចជា VinDynamics, VinRobotics និង VinMotion ផងដែរ។
គួរជម្រាបជូនថា Vingroup គឺជាសម្ព័ន្ធក្រុមហ៊ុនចម្រុះដែលដំណើរការក្នុងវិស័យផ្សេងៗដូចជាការផលិតរថយន្តអគ្គិសនី បច្ចេកវិទ្យា អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងដែកថែប។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៣ នៅប្រទេសអ៊ុយក្រែន ដោយមហាសេដ្ឋី Pham Nhat Vuong ៕

