លោក ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានផ្តាំផ្ញើឱ្យនិស្សិតកម្ពុជា សិក្សានៅចិន ត្រូវបន្តខិតខំប្រឹងប្រែងប្រឡងវាស់ស្ទង់កម្រិតភាសាចិន (HSK) ឱ្យបានខ្ពស់ និងមុខជំនាញឯកទេសរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធានាថា «រៀនពិត ចេះពិត និងមានសមត្ថភាពពិត» លើសពីនេះ ត្រូវបន្តធ្វើជាសិស្សល្អ សិស្សគំរូ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងកម្មវិធីនានារបស់សាកលវិទ្យាល័យសាមី។

លោកបានលើកឡើងការផ្តាំផ្ញើបែបនេះ នៅឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីនាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

ជាមួយគ្នានោះ លោកបានបន្តលើកឡើងថា និស្សិតគ្រប់រូប ធ្វើជា «អ្នកការទូតវប្បធម៌» តំណាងឱ្យប្រទេសកម្ពុជាក្នុងការនាំយក ផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ អរិយធម៌ ក៏ដូចជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេសត្រូវមានស្មារតីសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមក សិស្សច្បងត្រូវជ្រោមជ្រែង និងតម្រង់ទិសសិស្សប្អូន៕


