អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសបញ្ចុះតម្លៃ ៥០% ពេញមួយឆ្នាំ សម្រាប់សាខា វិរៈ ប៊ុនថាំ ដល់ប្រជាពលរដ្ឋរស់នៅតំបន់ភៀសសឹកផ្ទះ ៣,០០០ខ្នង នៅខេត្តបន្ទាយមានជ័យ។

តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០១ ខែមិថុនា អ្នកឧកញ៉ា បណ្ឌិត បានប្រកាសបែបនេះថា៖ “បញ្ចុះតម្លៃ ៥០% ពេញមួយឆ្នាំសម្រាប់សាខាផ្ទះ ៣,០០០ខ្នង ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ភៀសសឹកផ្ទះ ៣,០០០ខ្នង ខេត្តបន្ទាយមានជ័យ។ ក្រុមហ៊ុន វិរ:ប៊ុនថាំ បានបើកជាផ្លូវការសាខា វិរ:ប៊ុនថាំ នៅទីតាំងផ្ទាល់តែម្តង ហើយនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃ”។
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានបន្ថែមទៀតថា ជាពិសេសការចុះតម្លៃ ៥០% សម្រាប់រយ:ពេលពេញមួយឆ្នាំដំបូងសម្រាប់ទំនិញផ្ញើ និងទទួល ដើម្បីកាត់បន្ថយការចំណាយបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីតាំងផ្ទាល់ កាន់ងាយស្រួលសម្រាប់កសិផល និងផលិតផលរបស់ប្រជាជនភៀសសឹក។
សូមជម្រាបថា អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ជានិច្ចកាលតែងគិតគូ និងយកចិត្តទុកដាក់ដល់បងប្អូនជនភៀសសឹក និងបងប្អូនប្រជាកសិករខ្មែរ តាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន និងចូលរួមយុទ្ធនាការផ្សេងៗ។ ជាក់ស្តែង កាលថ្ងៃទី២៥ ខែមីនា បានប្រកាសមិនឡើងថ្លៃជីកសិកម្ម របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ នោះទេ បើទោះបីជាតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន កំពុងបន្តកើនឡើង យ៉ាងណាក៏ដោយ៕




