កម្ពុជា និងគុយបា បានបង្ហាញជំហរបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ សំដៅថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណីដែលមានអាយុកាលជាង ៦០ឆ្នាំ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ជាមួយ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា កាលទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតគុយបា បានចែករំលែកនូវបច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍នៅក្នុងប្រទេសគុយបា និងបានអះអាងពីជំហរគាំទ្រកម្ពុជាក្នុងនាមជាមិត្តដ៏ស្មោះត្រង់។ លោកស្រីបានបញ្ជាក់ថា គុយបាប្តេជ្ញានឹងបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែសកម្ម និងរឹងមាំថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

លោកស្រី និន សាផុន ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-គុយបា ដែលបានពូនជ្រំជាបន្តបន្ទាប់។ លោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែផ្តល់គុណប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក ដោយប្រទេសទាំងពីរនឹងបន្តថែរក្សា ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈទាំងអស់៕


