ឧកញ៉ា ហាក់ លាងហ៊ ចូលរួមពិធីជប់លៀង Cocktail ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយ-អាស៊ាន លើកទី៣៥

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ហាក់ លាងហ៊ សមាជិកសភា​ពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមភស្តុភារកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញ​ចូលរួមក្នុងពិធីជប់លៀង Cocktail ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយ-អាស៊ាន លើកទី៣៥ (35th ASEAN Directors-General of Customs Meeting)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅ​រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំ នេះនឹងបង្កើតឱកាសក្នុងការជួបពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយនានា រវាងវិស័យឯកជន និងថ្នាក់ដឹកនាំគយនៃបណ្តាប្រទេសសមាជិកអាស៊ាន។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ នៅថ្ងៃទី២ ខែមិថុនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥» នេះ គឺជាវេទិកា​ដ៏​សំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងសមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាភាពធន់ ភាពប្រកួតប្រជែង និងភាពរឹងមាំរបស់អាស៊ាន ចំពោះមុខបញ្ហា ប្រឈមសកលនានា។ ខណៈដែលពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមក ពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការប្រែប្រួលសេដ្ឋកិច្ច, ការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្ថិរភាពស្ថាប័ន គឺជាកត្តាមូលដ្ឋានសម្រាប់ធានា​ភាពធន់ និងចីរភាពនៃការអភិវឌ្ឍរបស់អាស៊ាន៕