រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ហាក់ លាងហ៊ សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមភស្តុភារកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង Cocktail ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយ-អាស៊ាន លើកទី៣៥ (35th ASEAN Directors-General of Customs Meeting)។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំ នេះនឹងបង្កើតឱកាសក្នុងការជួបពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយនានា រវាងវិស័យឯកជន និងថ្នាក់ដឹកនាំគយនៃបណ្តាប្រទេសសមាជិកអាស៊ាន។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ នៅថ្ងៃទី២ ខែមិថុនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥» នេះ គឺជាវេទិកាដ៏សំខាន់ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងសមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាភាពធន់ ភាពប្រកួតប្រជែង និងភាពរឹងមាំរបស់អាស៊ាន ចំពោះមុខបញ្ហា ប្រឈមសកលនានា។ ខណៈដែលពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមក ពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការប្រែប្រួលសេដ្ឋកិច្ច, ការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្ថិរភាពស្ថាប័ន គឺជាកត្តាមូលដ្ឋានសម្រាប់ធានាភាពធន់ និងចីរភាពនៃការអភិវឌ្ឍរបស់អាស៊ាន៕





